ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជា ប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ខ្មែរទាំងអស់ ត្រូវចេះការពារខ្លួន កុំឲ្យឆ្លងពីជំងឺ កូវីដ-១៩ និងយកចិត្តទុកដាក់ ក្នុងការទប់ ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងប្រព្រឹត្ត ទៅ ចាប់ពីថ្ងៃទី១៣ដល់១៦ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។

ក្នុងសេចក្ដីអំពាវនាវរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញផ្សាយ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ថា គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក   ថ្លែងការកោតសរសើរ ប្រកបដោយក្ដីមោទភាពជាទីបំផុត ចំពោះអ្នកប្រើប្រាស់ផ្លូវ ដ៏ច្រើនលើសលប់ ដែលមានឆន្ទះក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ ផ្លូវគោក យ៉ាងផុសផុសក្នុងពេលធ្វើចរាចរណ៍ រួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាតទ្រព្យសម្បត្តិ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាពេលកន្លងទៅ។

បន្ថែមពីនេះ សម្ដេច ស ខេង បានឲ្យដឹងថា ក៏ប៉ុន្ដែគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែជាបញ្ហាប្រឈមចំពោះមុខ និងយូរ អង្វែង ដែលអាចកើតមានឡើងភ្លាមៗ ក្នុងករណីអ្នកប្រើប្រាស់ផ្លូវមានការធ្វេសប្រហែល ឬខ្ជីខ្ជារមិនគោរពច្បាប់។



ក្នុងឱកាស ដែលទូទាំងប្រទេសកំពុងតែរួមគ្នា ប្រយុទ្ធប្រឆាំងនឹងការឆ្លង ជំងឺកូវីដ-១៩ ស្របពេលដែលកម្ពុជា នឹងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៣ដល់ ១៦ ខែមេសា ឆ្នាំ២០២០ ខាងមុខ សម្ដេច ស ខេង អំពាវនាវ ដល់សាធារណជនជាអ្នក ប្រើប្រាស់ផ្លូវទាំងអស់បន្ថែមពីលើការអនុវត្តគ្រប់វិធានការ ការពារការឆ្លងជំងឺ កូវីដ-១៩ មេត្តាខិតខំយកចិត្តទុកដាក់ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក តាមវិធានការ ដូចខាងក្រោម ៖

ទី១-ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ដទោះជិត ឬឆ្ញាយ គ្រប់ពេលវេលា។

ទី២-មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។

ទី៣-មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត។

ទី៤-ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្ដាំជានិច្ច។

ទី៥-ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ដ។

ទី៦-មិនត្រូវបត់ ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេង ភ្ជាប់ទំនាក់ទំនង។

ទី៧-ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដជាប្រចាំ ពិសេសត្រូវពិនិត្យ កង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ ជាដើម។

ទី៨-សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ចំពោះរថយន្ដដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរ ក្នុងឱកាសនេះ។

ទី៩-មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។

ទី១០-ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អាធ្យា ស្រ័យ។

និងទី១១-សូមបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាយោគយល់ចំពោះការ ប្រកាន់យក វិធានការច្បាប់ដ៏តឹងរឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងពីការ ប្រឈមចំពោះផ្លូវច្បាប់ សូមបងប្អូនគោរពអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីសុខដុមរម្យក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យ សម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្ដីថ្លៃថ្នូរបស់ប្រទេសជាតិ។

ជាងនេះទៅទៀត គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានសេចក្ដីសង្ឃឹមជឿជាក់លើអ្នកប្រើ ប្រាស់ផ្លូវគ្រប់រូបនឹងចូលរួមគោរពច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្ដីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្ដីសុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ និងបន្ដជារៀងរហូតទៅ៕
ដោយ ៖ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ